ថ្នាំព្យាបាលជំងឺរបេងកុមារថ្មីចែកឱ្យប្រើនៅខែសីហានេះ
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៤:៥៤ (26-07-2017 14:54)
តាមការសិក្សា និងស្រាវជ្រាវនាពេលកន្លងមករបស់អង្គការសុខភាពពិពលោក បានរកឃើញថា ឱសថព្យាបាលជំងឺរបេងកុមារ មានភាពស្មុគស្មាញច្រើន ដោយសារតែបរិមាណថ្នាំមានចំនួនច្រើន និងមានការពិបាកសម្រាប់កុមារលេបក្នុងការព្យាបាលជំងឺរបេង ។
ក្រោយពីបានសិក្សា និងស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ នៅចុងឆ្នាំ២០១៦ អង្គការសុខភាពពិភពលោកបានប្រកាសឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺរបេងកុមារប្រភេទថ្មី ហើយក្នុងចំណោមប្រទេសជាង៣០ ដែលមានអត្រាជំងឺរបេងខ្ពស់កំពុងប្រើប្រាស់ថ្នាំប្រភេទថ្មីនេះជាបណ្តើរៗហើយ ។
បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិតម៉ៅ តាំងអ៊ាង នាយកមជ្ឈមណ្ឌលកម្ចាត់រោគរបេង និងហង់សិន បានប្រាប់កោះសន្តិភាពឱ្យដឹងថា ប្រទេសដែលមានផ្ទុកជំងឺរបេងខ្ពស់ មិនមានច្រើនប៉ុន្មានទេដែលបានទិញថ្នាំថ្មីនេះយកមកប្រើប្រាស់ ព្រោះត្រូវចំណាយពេលបណ្តុះបណ្តាលបុគ្គលិក និងរកប្រាក់ក្នុងការទិញថ្នាំប្រភេទថ្មីនេះ ។
ដោយឡែកកម្ពុជាបានចំណាយប្រាក់ជាង១៧ម៉ឺនដុល្លារ ក្នុងការទិញថ្នាំប្រភេទថ្មីនេះ និងមានរយៈពេល១១ខែ ក្រោមការផ្តល់ជំនួយពីអង្គការមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រុនចាញ់អន្តរជាតិ ហើយនឹងបន្តរហូតដល់ឆ្នាំ២០២០ ។
លោកវេជ្ជបណ្ឌិតបន្តថា ថ្នាំប្រភេទថ្មីនេះ មានលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការព្យាបាល និងឈានទៅដល់ការលុបបំបាត់ជំងឺរបេងនាពេលខាងមុខនេះ ដោយលក្ខណៈពិសេសនេះមានដូចជា ថ្នាំមានបរិមាណតិច ងាយស្រួលក្នុងការលេប ដោយសារថ្នាំប្រភេទថ្មីនេះ មានភាពរលាយពេលដាក់ចូលក្នុងទឹក និងមានក្លិនក្រអូបផងដែរ ។
ចំពោះប្រសិទ្ធភាពគឺមានរយៈពេលព្យាបាល៦ខែដូចគ្នានឹងថ្នាំចាស់ ។ ថ្នាំប្រភេទថ្មីនេះមិនមានផលរំខានក្នុងការព្យាបាលជំងឺរបេងទេ ដោយសារតែកុមារមានប្រព័ន្ធការពារដែលអាចទទួលយកថ្នាំប្រទេសថ្មីនេះ ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ ក្រុមការងារប្រយុទ្ធនឹងជំងឺរបេងបានរកឃើញកុមារជាង២.៥០០នាក់ ដែលកើតមានជំងឺរបេង ហើយចំនួននេះគឺមានការប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ដែរ ។
ជំងឺរបេងកុមារភាពច្រើនបានចម្លងពីអ្នកដែលកើតមានជំងឺរបេងតាមរយៈការប្រាស្រ័យទាក់ទងនឹងការរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយអ្នកជំងឺរបេង និងត្រូវបានចម្លងតាមរយៈកំហាកឬទឹកមាត់ ដែលអ្នកជំងឺបានក្អក ឬកណ្តាសដោយមិនមានក្រមាខ្ទប់មាត់ ដូច្នេះដើម្បីការពាការចម្លង ចូរនាំទារកដែលទើបនឹងកើតយកទៅមណ្ឌលសុខភាពដើម្បីចាក់ថ្នាំបង្ការជំងឺរបេង ។
ថ្នាំបង្ការនេះគឺមានប្រសិទ្ធភាពពីរយ៉ាង ដូចជា ទប់ទល់មិនឱ្យមានការវិវឌ្ឍទៅជាជំងឺរបេង និងការពារមិនឱ្យកើតមានជំងឺរបេងធ្ងន់ ។
ថ្នាំព្យាបាលជំងឺរបេងកុមាប្រភេទថ្មីនេះ បានយកមកដល់កម្ពុជាកាលពីដើមខែកក្កដាកន្លងទៅនេះ ហើយបន្តចែកចាយឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
No comments:
Write comments