ឆៃលី ដាឡែន សម្តែងតួខ្មោចធានាថា នឹងភ័យបះរោម
ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៨:០០ (28-07-2017 08:00)
រាជធានីភ្នំពេញ ៖ អ្នកនាងឆៃលី ដាឡែន ថ្មីៗកន្លងមកបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្មោចរឿង «សសរកន្លោង» ។ ក្នុងរឿងនេះនាងសម្តែងជាខ្មោចកាចសាហាវ ។
ឆៃលី ដាឡែន កាលពីពេល ថ្មីៗកន្លងមកបញ្ជាក់ថា «នាងខ្ញុំពិតជាមានអារម្មណ៍ប្លែកដែលបានរួមសម្តែងជាមួយក្រុមការងារផលិតកម្ម ឥន្ទ្រានិម្មិត ដែលជាក្រុមផលិតករក្មេង មានជំនាញខ្ពស់ និងបទពិសោធន៍ល្អក្នុងការផលិត ។
ក្នុងរឿង«សសរកន្លោង»នាងខ្ញុំសម្តែងជាតួអង្គ ម្តាយឈ្មោះឡែន ដែលមានអត្តចរិកកាចឆ្នាសឆ្នើមខ្លាំង ពិសេសគឺវគ្គបង្ខំកូនស្រី ឲ្យស្រលាញ់បុរសជាអ្នកមានទ្រព្យ ។
តួកាចនេះគឺកាចខ្លាំង ខុសពីរឿង មុនៗរហូតផលិតករ និងសិល្បករ ដែលរួមការផលិតសរសើរថាល្អ ។
ក្រៅពីកាចឆ្នាសឆ្នើមនេះ នាងខ្ញុំក៏នឹងសម្តែងជាតួខ្មោចដែលលងបន្លាចសាហាវ ធានាថាភ័យរន្ធត់ បះរោម គួបផ្សំនឹងបច្ចេកទេសនៃការតុបតែងមុខគួរឲ្យខ្លាចទៀត គឺពិតជាព្រឺព្រួចដែរ សូម្បីតែពេលខ្លះនាងខ្ញុំក៏ខ្លាចនឹងការសម្តែងរបស់ខ្លួនឯងដែរ ។
ឈុតឆាកលង បន្លាចដ៏ស្រៀវឆ្អឹងខ្នង ជាមួយនឹងទិដ្ឋភាពទីតាំងថត នាងខ្ញុំធានាថានឹងប្លែក ហើយមិនធ្វើឲ្យអ្នកគាំទ្រខកបំណង ពេលចូលទស្សនា សូម្បីតែនាងខ្ញុំជាតួសម្តែងក៏ដិតដាមនូវអារម្មណ៍ឈុតឆាកទាំងអស់ជាខ្លាំង ក្រោយការសម្តែង» ។
ឆៃលី ដាឡែន ជឿជាក់ថា ភាពយន្តរឿង «សសរកន្លោង» នឹងមានទស្សនិកជនច្រើនគាំទ្រព្រោះបច្ចេកទេសនៃការផលិត ទាំងការស្វែងរកទីតាំង ការតុបតែមុខ សាច់រឿងប្លែក ជាមួយនឹងតារាសម្តែងដែលមានទេពកោសល្យជាច្រើនរូប ។
លោកស្រីចាន់ណា សុឃីម ម្ចាស់ផលិតកម្ម «ឥន្ទ្រានិម្មិត» រំពឹងដែរថាស្នាដៃទី២បន្ទាប់ពីរឿង«កំណត់ហេតុនាងនាថ» នឹងមានប្រជាប្រិយភាពជាងរឿងទី១ ។ «គ្រាន់តែមើលតួខ្មោចនៅខាងក្រៅចង់រត់ផ្អើលជាន់គេជាន់ឯងព្រោះដូចពេកមិននឹកស្មានថា ផលិតករខ្មែរអាចរៀបចំបានដល់ថ្នាក់ហ្នឹង ។
រឿង«សសរកន្លោង»គឺជាភាពយន្តខ្នាតធំទីពីររបស់ផលិតកម្មឥន្ទ្រានិម្មិត បន្ទាប់ពីរឿង«កំណត់ហេតុនាងនាថ»ដែលល្បីខ្លាំង និងទទួលបានពានរង្វាន់ភាពយន្តឆ្នើមប្រចាំឆ្នាំ២០១៦ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
No comments:
Write comments