តារាស្រីធ្លាប់ធ្វើឱ្យកក្រើកដោយភាពសិចស៊ី
ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២០:០០ (30-07-2017 20:00)
រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ គេនៅមិនទាន់ភ្លេចទេចំពោះរឿងរ៉ាវនារីអ្នកសិល្បៈមួយចំនួន ដែលធ្វើឲ្យកក្រើកក្នុងវិស័យសិល្បៈ និងស្ទើរតែបាត់បង់អាជីពរបស់ខ្លួន ដោយសារតែបង្អួតភាពសិចស៊ីហួសហេតុ ។
ពេលនេះកោះសន្តិភាពសូមរំលឹកឡើងវិញនូវតារាទាំងនោះ ក្នុងន័យដើម្បីក្រើនរំលឹកដល់តារាផ្សេងទៀត ពិសេសតារាថ្មីឲ្យបានយល់ កុំឲ្យភ្លេច និងធ្វើខ្លួនឲ្យហួសប្រមាណពីតម្លៃនៃសិល្បៈខ្មែរ ។
ការរំលឹកនេះមិនមែនបន្តុះបង្អាប់សាជាថ្មីចំពោះតារាដែលធ្លាប់មានប្រវត្តិបែបនេះកន្លងមកទេ ពោលគ្រាន់ជាការឆ្លុះបញ្ចាំងអ្វីដែលបានកើតមានក្នុងសង្គមសិល្បៈ ហើយដែលវាមិនមានការរីកចម្រើន ។
តារាស្រីដែលធ្លាប់សិចស៊ី និងសម្ញែងដើមទ្រូងនាងឆៃលី ដាឡែន ធ្លាប់មានរឿងអាស្រូវដោយការស្លៀកពាក់សិចស៊ីហួសហេតុលើទឹកដីអាមេរិក កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ បញ្ហាដ៏កក្រើកមួយនេះធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាងធ្លាក់ដុនដាប និងស្ងប់ស្ងាត់ពីពិភពសិល្បៈ ។
ដោយសារតែមានបញ្ហាអំពីកេរ្តិ៍ឈ្មោះរបស់នាងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តលាឈប់ពីការងារសិល្បៈមួយរយៈវែង ដោយសារតែនាងនៅតែគ្មានឱកាសបញ្ចេញមុខមាត់ នៅលើកញ្ចក់ទូរទស្សន៍ដូចពេលមុន ។
គេនៅចាំបានថា បន្ទាប់ពីរយៈពេលជាង១ឆ្នាំ គឺចាប់តាំងពីត្រឡប់មកពីសម្តែងនៅអាមេរិកវិញនោះ នាងឆៃលី ដាឡែន បានបាត់បង់ឱកាសបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ ដោយខាងស្ថានីយទូរទស្សន៍លែងហៅនាងឡើងកម្មវិធីនានា ។
បន្ទាប់ពីផ្ទុះរឿងអាស្រូវនោះឆៃលី ដាឡែន ចេញមុខសុំទោសមហាជនពីកំហុសរបស់នាងជាច្រើនដង រហូតមកដល់នាងទទួលបានចំណែកទីផ្សារសិល្បៈឡើងវិញ ។
តារាសម្តែងដែលចូលចិត្តថតរូបសម្ញែងដើមទ្រូងបង្ហោះតាមហ្វេសប៊ុកនាងដេនី ខ្វាន់ បានទទួលបម្រាមមិនឲ្យប្រឡូកក្នុងអាជីពសិល្បៈរយៈពេលមួយឆ្នាំពេញពីក្រសួងវប្បធម៌ បន្ទាប់ពីតារាស្រីរូបនេះផ្គើនដោយភាពសិចស៊ីរបស់ខ្លួនចំនួន២លើកផ្ទួនគ្នា ។
គេនៅចាំថា នាងដេនី ខ្វាន់ ក្លាយជាប្រធានបទរបស់មហាជន និងសិល្បករក្នុងការជជែកគ្នា ក្រោយពីនាងស្លៀកពាក់ស្ទើរមានតែស្បៃគ្របដណ្តប់ខ្លួន កាលពិធីខួបកំណើតប្អូនប្រុសនាង ។
ក្រោយលេចចេញរូបភាពនេះនៅលើហ្វេសប៊ុក បានបង្កើតឲ្យមានការរិះគន់ទៅលើនាង ប៉ុន្តែអ្វីដែលដុតកម្តៅដួងចិត្តមហាជន និងសិល្បករនោះ គឺនាង និងប្អូនប្រុសបានចេញវីដេអូឃ្លីប និងសារជាបន្តបន្ទាប់វាយប្រហារអ្នករិះគន់ដោយពាក្យមិនសមរម្យ រហូតរាលដាលដល់សិល្បករមួយចំនួនទៀត ។
ការឆ្លើយឆ្លងពាក្យសម្តីដាក់គ្នារបស់តារាសិចស៊ី ដេនី ខ្វាន់ និងសិល្បករជើងចាស់មួយចំនួន បានបង្កើនកម្តៅរហូតដល់ក្រសួងចេញមុខអន្តរាគមន៍ ដោយចេញសំបុត្រកោះហៅតារាស្រីរូបនេះទៅណែនាំ ។ បន្ទាប់ពីទទួលការណែនាំជាលើកទីមួយពីក្រសួងហើយនោះ ដេនី ខ្វាន់ ហាក់មិនថមថយពីការសម្ញែងភាពសិចស៊ីរបស់ខ្លួនឡើយ ពោលគឺនាងនៅតែបន្តដោយគ្មានញញើត ទើបក្រសួងចេញបម្រាមហាមឃាត់អាជីពសិល្បៈរបស់នាងរយៈពេលមួយឆ្នាំ ។
បន្ទាប់ពីទទួលការពិន័យរួចមក ដេនី ក្វាន់ បានផ្លាស់ឥរិយាបថរបស់ខ្លួនជាថ្មី ជាមួយនឹងការកែប្រែទម្លាប់របស់នាងផងដែរ ខណៈពេលដែលនាងក៏យល់ព្រមទទួលយកនូវការពិន័យនេះ ។
តារាសម្តែងស្រីល្បីរឿងសិចស៊ីនាង សេង សូណា ស្ងប់ស្ងាត់មួយរយៈពេលវែង ដោយមិនឃើញមានស្នាដៃសិល្បៈអ្វីជាដុំកំភួនឡើយ បន្ទាប់ពីផលិតកមមិន្មហៅថត ពីព្រោះតែនាងនិយមចូលចិត្តបង្ហាញភាពសិចស៊ី ។
ក្រោយពីស្ងប់ស្ងាត់ក្នុងពិភពសិល្បៈនោះមក សេង សូណា បានធ្វើឲ្យមហាជនមានការស្រឡាំងកាំង បន្ទាប់ពីនាងបង្ហាញវីដេអូឃ្លីបជាមួយនឹងឈុតដេកយប់បង្ហាញដើមទ្រូងធំទ្រលុកទ្រលន់ស្ទើរមួយល្វែងលើ ។
វីដេអូឃ្លីបរបស់តារាសម្តែងសេង សូណា ត្រូវនាងបង្ហោះតាមហ្វេសប៊ុក ហើយបង្កើតឲ្យមានការរិះគន់ ។ ការរិះគន់នោះព្រោះតែនាងត្រូវគេលើកឡើងថា ហ៊ានទម្លាយចេញវីដេអូដែលគេគិតថាស្រើបស្រាល និងធ្វើខ្លួនសិចស៊ីជ្រុលពេក ។
បើទោះបីជាមិនមែនជារឿងចម្លែកក្នុងការបង្ហាញភាពសិចស៊ីសម្រាប់តារារូបនេះក្តី ក៏គេសង្កេតឃើញលេចចេញការរិះគន់មួយចំនួនបានកើតឡើងចំពោះវីដេអូឃ្លីបនោះ រហូតមានអ្នកលេងហ្វេសប៊ុកខ្លះបានប្រើប្រាស់ពាក្យពេចន៍អសុរោះ និងចាត់ទុកថានាងថាមិនមែនជាអ្នកសិល្បៈឡើយ ។
តារាសម្តែងនាងវ៉ាង ស្រីណូ ធ្លាប់រងការចោទថា មានវីដេអូសិចបែកធ្លាយដែរអំឡុងឆ្នាំ២០០៦-២០០៧ ។ យ៉ាងណាក៏ដោយ ដំណឹងបែកធ្លាយនេះត្រូវនាងបដិសេធ ហើយនាងថែមទាំងចង់ស្វែងរកអ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងផងដែរ ។
បន្ទាប់ពីនោះមកសកម្មភាពក្នុងអាជីពជាអ្នកសិល្បៈរបស់តារាសម្ដែងរូបនេះហាក់មិនសូវមានភាពផុលផុសដូចមុន ហើយមកទល់នឹងពេលបច្ចុប្បន្ន វ៉ាង ស្រីណូ ក៏មិនទាន់ឃើញបង្ហាញស្នាដៃអ្វីប្លែកដល់ទស្សនិកជនទេ ។
បើទោះបីជា វ៉ាង ស្រីណូ បាត់បង់ចំណែកទីផ្សារសិល្បៈស្ទើរទាំងស្រុងក៏ដោយ ប៉ុន្តែបើសង្កេតមើលពីជីវភាពរស់នៅប្រចាំថ្ងៃរបស់នាងគឺនៅតែមានភាពហ៊ឺហា មិនចាញ់តារាល្បីឈ្មោះមួយចំនួនទៀតឡើយ ។
ជាការកត់សម្គាល់ជុំវិញបញ្ហាដែលបានកើតឡើងក្នុងពិភពសិល្បៈខ្មែរនាពេលនេះ ក្រៅពីចេញការព្រមាន និងការដាក់បម្រាមនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសណែនាំឲ្យសិល្បករទាំងអស់ឲ្យព្យាយាមស្លៀកពាក់ឲ្យបានសមរម្យ និងចៀសវាងការស្លៀកពាក់ និងបង្ហាញនូវរូបភាពបែបស្រើបស្រាល ដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គម ពិសេសកិត្តិយសកេរ្តិ៍ឈ្មោះជាអ្នកសិល្បៈ ។
រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃនរ: សត្យា ធ្លាប់បានលើកឡើងថា លោកតែងតែនិយាយរួចហើយ អ្នកប្រើសេរីភាពរហូតដល់អស់ វានឹងអស់សេរីភាពប្រើ អ្នកប្រើសេរីភាពហួស ស្មើនឹងរំលស់សេរីភាពរបស់ខ្លួនឲ្យកាន់តែសាបសូន្យទេ ។
លោកថៃនរៈ សត្យា បញ្ជាក់ថា «យើងធ្វើការងារតាមវិជ្ជាជីវ: ដែលមានលិខិតបទដ្ឋានគតិយុត្តិនានាជាមូលដ្ឋាន ហើយក៏អបស្ទបជាមួយមនោសញ្ចេតនាផងដែរ ព្រោះយើងយល់ថា ច្បាប់តែឯកឯងមិនអាចធ្វើអ្វីបានឡើយ ដូចនេះយើងនឹងយកក្រមសីលធម៌នៃអ្នកសិល្ប:ជាត្រីវិស័យ គោលការណ៍គ្រឹះ គួបផ្សំជាមួយសត្យានុម័តនៃក្រុមប្រឹក្សាវិន័យដើម្បីអនុវត្តការងាររបស់យើង ឲ្យមានប្រសិទ្ធភាពចំពោះមុខរាជរដ្ឋាភិបាល និងស្រទាប់មហាជន នៃព្រះរាជាណាចក្រកម្ពុជា»។
អតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ធ្លាប់បានលើកឡើងពីការគាំទ្រទៅលើចំណាត់ការ និងការបង្កើតក្រមសីលធម៌វិន័យ ចំពោះអ្នកសិល្បៈដែលប្រព្រឹត្តខុសឆ្គងរបស់ក្រសួងវប្បធម៌ ។
លោកសុះ ម៉ាច បញ្ជាក់ថា «ការបង្កើតជាក្រមសីលធម៌វិន័យនេះ គឺជាការមួយល្អ និងជាការផ្តល់ផលជាវិជ្ជមានសម្រាប់អ្នកសិល្បៈ ព្រោះនេះអាចជាការផ្តល់ និងរក្សាតម្លៃដល់អ្នកសិល្បៈ ប្រសិនបើអ្នកសិល្បៈស្ថិតនៅក្នុងដែនក្រមសីលធម៌នេះ ពួកគេនឹងមិនហ៊ានប្រព្រឹត្តអ្វីដែលនាំឲ្យទស្សនិកជនរិះគន់នោះឡើយ» ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
No comments:
Write comments